សែនអាណិតខ្លោចចិត្ត!! ជីដូនចាស់ម្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានកូនបង្កើតបណ្ដេញចេញពីផ្ទះ ឲ្យរស់នៅយ៉ាងវេទនាពីរនាក់កូនប្រុសពៅ (មានវីដេអូ)

នៅលើលោកនេះតើនរណាមិនគោរពស្រលាញ់មាតាបិតារបស់ខ្លួន ដែលជាអ្នកមានគុណ ព្រោះលោកទាំងពីរនេះហើយ ជាអ្នកផ្ដល់កំណើតដល់កូនៗ មិនតែប៉ុណ្ណោះ លោកតែងតែបានបីបាច់ថែរក្សាថ្នាក់ថ្នមកូនៗ តាំងពីតូចរហូតធំ ថែមទាំងបានទំនុកបម្រុងឲ្យកូនបានរៀនសូត្រមានចំណេះដឹង ជាពិសេសគឺគុណរបស់អ្នកម្ដាយដែលមានគុណ ដ៏វិសេស វិសាលចំពោះកូនៗគ្រប់រូប ដែលមិនអាចគណនាបានចំពោះគុណដ៏ធ្ងន់នេះ ព្រោះអ្នកម្ដាយនេះហើយ ដែលបានបីបាច់ថែរក្សាកូនតាំងពីរកូននៅក្នុងផ្ទៃ រយៈពេលប្រាំបួនខែដប់ថ្ងៃ។ នៅពេលប្រសូត្រកូនចេញពីផ្ទៃ ម្ដាយមានការឈឺផ្សាជាច្រើនថ្ងៃ បន្ទាប់ពីប្រសូតកូនបានមកហើយ ម្ដាយត្រេកអរឥតឧបមា បើទោះជាម្ដាយត្រូវនៅរងក្រោមកំដៅភ្លើងផ្សែង អស់រយៈពេលជាច្រើនថ្ងៃទៀតក៏ដោយ ក៏ទឹកចិត្តស្រណោះរបស់ម្ដាយនៅតែញញឹមទៅរកកូនជានិច្ច។

បន្ទាប់ពីម្ដាយត្រូវបានចិញ្ចឹមបីបាច់កូនរហូតដល់មានអាយុវ័យចូលសិក្សា ឪពុកម្តាយមានភារៈចិញ្ចឹមបីបាច់កូនរហូតដល់កូនមានវ័យវឌ្ឍនកា បើទោះមានការការនឿយហត់យ៉ាងណាក៏ដោយ ក៏ម្ដាយពុំដែលហ៊ានពោលពាក្យអាក្រក់ឱ្យកូនម្ដងណាឡើយ ម្ដាយនៅតែមានព្រហ្មវិហារធម៌ អាណិតស្រឡាញ់កូនរហូតលុះជីវិតចុងក្រោយរបស់ម្ដាយ។ ចុះហេតុអីបានជាជីដូនម្នាក់នេះ ត្រូវបានកូនបង្កើតបណ្ដេញចេញពីផ្ទះ ទាំងម្ដាយមានវ័យចាស់ជរាណាស់ទៅហើយនោះ ឲ្យគាត់មករស់នៅជ្រកក្រោមដំបូលខ្ទមស្រែរបស់គេ ដោយគ្មានក្តីអាណិត អាសូរដល់ម្តាយសូម្បីតែបន្តិចសោះឡើយយ៉ាងនេះ តើគាត់មានកំហុសអ្វី ព្រោះលោកយាយមានវ័យចាស់ជរាណាស់ទៅហើយនោះ តើមានបាននឹកដល់គុណរបស់គាត់ កាលដែលគាត់នៅមានកម្លាំងលោកតែងតែ ចិញ្ចឹមបីបមកូនមិនដែលគិតពីការនឿយហត់ ពិសេសគឺលោកមានព្រហ្មវិហារធម៌ទាំង៤ ដែលលោកតែងតែសណ្ដោះប្រណីមកលើកូនទាំងឡាយ គឺមេត្តា ករុណា មុទិតា ឧបេក្ខា។

ជួបជាមួយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ លោកយាយបានរៀបរាប់ឲ្យដឹងថា លោកយាយមាន ឈ្មោះ នង យ័ន្ត អាយុ៧៦ឆ្នាំ លោកយាយមានទីលំនៅក្នុងភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកយាយមានកូនប្រុស៣នាក់ នៅក្នុងចំណោមកូនទាំងបីនាក់ គឺកូន២នាក់ គេមានប្រពន្ធកូនអស់ហើយនៅសល់កូនប្រុសពៅម្នាក់ សព្វថ្ងៃរស់នៅជាមួយនឹងលោកយាយ។ ឆ្លើយទៅនឹងសំណួររបស់អ្នកយកព័ត៌មានយើង ដែលសួរលោកយាយថា ហេតុអីបានជាលោកយាយនាំកូនប្រុសម្នាក់ មកស្នាក់នៅក្នុងសាលាបុណ្យទីនេះ លោកយាយបានរៀបរាប់ថា គឺកូនប្រុសច្បង របស់គាត់បានបណ្ដេញគាត់ចុះពីលើផ្ទះ២នាក់ និងកូនប្រុសពៅ។ គាត់ក៏បាននាំនាំកូនប្រុសពៅស្ពាយបង្វិច ខោអាវ និងអីវ៉ាន់កំប៉ិកកំប៉ុក ដើរចេញពីផ្ទះដោយពុំមានគោលដៅពិតប្រាកដនោះឡើយ លុះមកដល់សាលាបុណ្យក្បែរផ្សារព្រៃខ្មែរនេះ គាត់ក៏បានស្នាក់នៅទីនេះតែម្ដង ពោលគឺបានមកស្នាក់នៅទីនេះជាង១០ថ្ងៃមកហើយ ឯការហូបចុកគឺបានមកពីអ្នកជិតខាងគេផ្ដល់ជូនគាត់។

លោកយាយបានរៀបរាប់ឲ្យដឹងទៀតថា មូលហេតុដែលកូនរបស់លោកយាយដេញលោកយាយ និងកូនពៅចេញ ពីផ្ទះនេះ ដោយសារតែគេចង់បានដីរបស់លោកយាយដែលទុកសម្រាប់ ឲ្យកូនពៅរស់នៅ នៅពេលដែលអត់ពីលោកយាយទៅ ព្រោះកូនទាំង៣នាក់នេះ លោកយាយបានបែងចែកដីស្រែ និងភូមិគ្រប់ៗគ្នាអស់ហើយ ដោយទុកតែដីមួយកន្លែងនេះ សម្រាប់លោកយាយរស់នៅជាបណ្ដោះអាសន្ន ទម្រាំតែលោកយាយស្លាប់ទៅ គឺទុកដីនេះឲ្យកូនពៅព្រោះជារបបរបស់វាដែលលោកយាយចែកឲ្យគ្រប់គ្នា។ លោកយាយបន្តថា ពីមុនមកនៅលើដីរបស់គាត់នេះគឺមានផ្ទះនៅទីនេះស្រាប់ បន្ទាប់មកកូនរបស់គាត់ក៏បានមករើផ្ទះចាស់ចោល ដោយសង់ផ្ទះថ្មីជំនួសវិញ និងបានប្រាប់គាត់ថា ផ្ទះនេះគឺធ្វើសម្រាប់ឱ្យម្ដាយរស់នៅជាមួយ នឹងប្អូនពៅ លុះក្រោយមកកូនរបស់គាត់ក៏បានមកធ្វើរបងលើដីនេះថែមទៀត និងបានបណ្ដេញគាត់ចេញពីផ្ទះ ដោយគេបានប្រាប់គាត់ថា ផ្ទះនិងដីនេះគឺជារបស់គេទៅវិញ ថែមទាំងបានដេញរូបគាត់ និងប្អូនឲ្យចុះចេញជាច្រើនលើកច្រើនសារ តែដោយគាត់មិនដឹងជាទៅរស់នៅទីណា លោកយាយក៏ទ្រាំរស់នៅជាមួយកូនច្បងនោះ រហូតមកចុងក្រោយ ដោយគាត់មិនអាចទ្រាំរស់នៅជាមួយកូនតទៅទៀត បានដោយសារតែគេដេញព្រឹកល្ងាច លោកយាយក៏សម្រេចចិត្តនាំកូនប្រុសពៅចុះចេញពីផ្ទះនេះតែម្ដងទៅ ។

ជាចុងក្រោយលោកយាយក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមលោកមេត្តាដោះស្រាយ និងផ្ដល់យុត្តិធម៌ជូនលោកយាយ និងកូនប្រុសពៅម្នាក់នេះផង ព្រោះគាត់មិនដឹងជានាំកូន ទៅជ្រកកោននៅទីណាទៀតទេ។ ម្យ៉ាងកូនរបស់គាត់នេះគ្មានមុខរបរអ្វីក្រៅពីរើសអេតចាយ ដើម្បីបានប្រាក់បន្តិចបន្តួចយកមកទិញអង្ករហូបតែប៉ុណ្ណោះ ហើយលោកយាយក៏បានអង្វរយ៉ាងទទូចដល់កូនប្រុសទាំងពីរសុំឲ្យកូនៗ អនុញ្ញាតឱ្យម្ដាយទៅរស់នៅកន្លែងកំណើតរបស់ម្ដាយវិញផង ព្រោះម្ដាយ និងប្អូនមិនដឹងជាទៅរស់នៅទីណា និងពឹងទៅលើអ្វីនោះទេ បើម្ដាយកាន់តែចាស់ណាស់ហើយ ម្យ៉ាងវិញទៀតម្តាយមានជំងឺប្រចាំកាយទៀតផង តើឱ្យម្ដាយទៅធ្វើអ្វីបាន។ សូមបញ្ជាក់ថា តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងដែរថា កូនប្រុសពៅរបស់គាត់ដែលត្រូវបាន គេបណ្ដេញចេញពីផ្ទះជាមួយម្តាយខាងលើនេះឈ្មោះ រស់ ស៊ុយ អាយុ៣៦ឆ្នាំ គាត់ជាមនុស្សពុំសូវមានសតិបញ្ញាគ្រប់គ្រាន់នោះទេ៕

Related posts

Leave a Comment