មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។
Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។
ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ទៀតហើយ ក្រោយប្រកាស ថា “ជ្រើសរើសអ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ តាមសមត្ថភាព 069666556/017891939″។
នៅមិនទាន់អស់ទេ នៅព្រឹកមិញនេះទៀត នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានប្រកាសនូវដំណឹងមួយទៀតហើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា “Galaxy Navatra សូមជម្រាបជូនដំណឹងដើម្បីលើកកម្ពស់ស្នាដៃនិពន្ធចម្រៀងសម័យ ក្រុមហ៊ុនមានកិត្តិយស ទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ ក្នុងតម្លៃមួយបទចាប់ពី 600ដុល្លារ ដល់1500 ដុល្លារ។ សូមទាក់ទងមក 093840155″៕