ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ចំនួន៦០ម៉ឺន ក្នុងចំណោម ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានរៀបចំដាក់យន្តហោះពិសេស និងត្រៀមដឹកចេញមកកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នឹងមកដល់កម្ពុជាម៉ោងប្រមាណ៤ល្ងាចនេះ។
តាមរយៈទំព័រហ្វេសប៊ុកនៅមុននេះបន្តិច ស្ថានទូតចិន បានបញ្ជាក់ដូច្នេះ «វ៉ាក់សាំងកូវីដ- ១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ម៉ឺនដូស កំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ»។
សូមបញ្ជាក់ថា តាមការគ្រោង ទុកវ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៤ល្ងាចនេះ។ វត្តមានវ៉ាក់សាំងកូវីដ១៩ របស់ចិន នឹងមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានធ្វើសន្និសីទព័ត៌មានផងដែរ។ សូមជំរាបថា វ៉ាក់សាំងដែលនឹងមកដល់កម្ពុជានៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ៕ សូមទស្សនាវីដេអូខាងក្រោមនេះ: