នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ កើនឡើងចំនួន ២៥នាក់ បន្ថែមទៀត ដោយ ២៣ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
បើតាមសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង ២៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ គឺមានជនជាតិចិនចំនួន ២១នាក់ ជនជាតិខ្មែរ ១ នាក់ និង ជនជាតិខ្មែរ ១នាក់ ហើយបច្ចុប្បន្នអ្នកជំងឺចំនួន ២១ នាក់ កំពុងតែសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ដោយឡែកអ្នកជំងឺជនជាតិចិន ១ នាក់ ភេទប្រុស អាយុ ២១ ឆ្នាំ មិនអាចទាក់ទងបាន និង ស្ត្រីជនជាតិខ្មែរ ១ នាក់ អាយុ ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាលដោយមានកូនតូចនៅជាមួយ ដោយពេលនេះអាជ្ញាធរ និង មន្ត្រីសុខាភិបាលកំពុងសម្របសម្រួលនៅថ្ងៃនេះ៕