ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីតតារាសម្ដែង និងបង្ហាញម៉ូត ដ៏ល្បីឈ្មោះម្នាក់។ លោក និងភរិយា មាន កូនប្រុស ស្រី ដ៏គួរឲ្យស្រឡាញ់២នាក់។
ស្រាប់តែមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកមានដំណឹងដ៏សែនរីករាយមួយ គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣ ដោយជោគជ័យ និងសុវត្ថិភាព ហើយ ម្តាយ និងកូនទំាង៣ មានសុខភាពល្អខ្លាំងណាស់ ពិសេសសម្រាលដោយធម្មជាតិទៀត។
កូនភ្លោះទំាង៣ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី និងទី៣ គឺ កូនប្រុស ហើយសរុបទំាងកូនភ្លោះ៣នេះ គឺលោក និងភរិយា មានកូនសរុប បាន៥នាក់ហើយ ។ លោក ជុំ ស៊ីថា ក៏បានភ្ជាប់សារដ៏រំភើបមួយផងដែរថា “22.12.2020 កូនភ្លោះ3របស់ខ្ញុំ កើតហើយ អរគុណច្រើន បងប្អូនទាំងអស់គ្នា សម្រាប់ការជូនពរ ដ៏មានតម្លៃដល់កូន និងប្រពន្ធរបស់ខ្ញុំ”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោក ជុំ ស៊ីថា បានបង្ហោះដំណឹងដ៏រីករាយមួយទៀតហើយ គឺទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកបានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានទទួលអំណោយកូនភ្លោះ៣ ពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម សេង ទៀង ។ សូមគោរពថ្លែងអំណរគុណ សម្តេចទាំងទ្វេរ ដោយស្មោះអស់ពីដួងចិត្ត ពីខ្ញុំបាទ និងក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២១។
ឆ្នាំថ្មី ២០២១ ជាឆ្នាំរុងរឿងរបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដ៏មានប្រជាប្រិយនិងជាទីគោរពស្រលាញ់បំផុតរបស់ប្រជាពលរដ្ឋខ្មែរ។
កូនចៅតែងតែគោរពស្រឡាញ់ និងគាំទ្រសម្តេចទាំងទ្វេ សូមបួងសួង និងគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងអាយុយឺនយូរ ឈ្នះអស់មារសត្រូវទាំងឡាយ ទាំងពួង ដើម្បីបន្តរក្សាសន្តិភាព និងដឹកនាំកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន ថ្កុំថ្កើន បន្ថែមទៀត ជារៀងរហូត។”៕